ខ្លឹមសារចម្រៀង៥បទកំពុងផ្ទុះការរិះគន់ ដែលអាចធ្វើឲ្យជះឥទ្ធិពលអាក្រក់ដល់តម្លៃវប្បធម៌ជាតិ (មាន videos)
ភ្នំពេញ៖ ខណៈបណ្តាក្រុមហ៊ុនផលិតកម្មធំៗ ផ្នែកកម្សាន្តសម្រុកបញ្ចេញបទចម្រៀងរៀងៗខ្លួនតាមបណ្តាញសង្គម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្តអ្នកស្តាប់ និងទស្សនាតាមរយៈជាវីដេអូ MV ក្តី ឬជា Audio ក្តីនោះ ក៏លេចចេញការរិះគន់ទៅនឹងចម្រៀង ៥ បទផងដែរ ក្រោមហេតុផលបានធ្វើឲ្យមានផលប៉ះពាល់ទៅលើប្រពៃណីវប្បធម៌របស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ តាមរយៈខ្លឹមសារនៃការនិពន្ធក្នុងបទមានទាំងប្រើពាក្យពេចន៍អសុរោះ ជេរប្រទេច និងជំរុញយុវវ័យឲ្យមានអារម្មណ៍ត្រេកត្រអាលក្នុងល្បែងលោកិយផងដែរ។
បើយោងទៅតាមសេចក្តីក្នុងលិខិតប្រកាសចំហរបស់សមាគមអ្នកនិពន្ធខ្មែរ ដែលបានចេញសេចក្តីប្រកាសផ្សាយ តាមគេហទំព័រខ្លួននោះ ឃើញថា មានចម្រៀងចំនួន ៥ បទ ដែលបានបង្ហោះនៅតាមប្រព័ន្ធផ្សព្វផ្សាយនានារួចហើយ គឺមានបទ «ចាក់សាំង» បទ «អូនធំ» បទ «អូនស្អាតពេលស្រាត» បទ «Hot Boy» និងបទ «នារីបឹងទំពុន» ដោយបទចម្រៀងទាំងអស់នេះ ក៏មាន Channel ផ្សាយខុសៗគ្នា ហើយមានបទខ្លះមានអ្នកចូលទស្សនាច្រើនលើសលប់រាប់ពាន់ ឬម៉ឺននាក់។
ក្រោយពីបានស្តាប់ និងឃើញការថត MV នៃបទចម្រៀងទាំងនេះមក ក៏នាំឲ្យផ្ទុះនូវការរិះគន់យ៉ាងក្តៅគគុកផងដែរ ពីមជ្ឈដ្ឋានមហាជន ជាពិសេសនោះ មានការចូលបរិយាយជាច្រើនពីសំណាក់ក្រុមអ្នកកវីនិពន្ធតែម្តង ខណៈគ្រាន់តែបានឃើញបទចម្រៀងទាំងនេះ ចេញផ្សាយតាមបណ្តាញសង្គមពី ១ បទ ទៅ ១ បទ។
ប្រធានសមាគមអ្នកនិពន្ធខ្មែរ លោក ព្រឿង ប្រណីត បញ្ជាក់ឲ្យដឹងដែរថា៖ «សម្រាប់យើង ក្នុងនាមជាសមាគមអ្នកនិពន្ធខ្មែរនោះ ពិតជាមិនអាចមានសិទ្ធិចោទ ស្តីបន្ទោស ឬសិទ្ធិដាក់ទោសទណ្ឌនោះទេ គឺទុកភារកិច្ចឲ្យទៅខាងក្រសួងពាក់ព័ន្ធមានសមត្ថកិច្ចទៅចុះ។ តែបើយោងតាមការស្តាប់បទចម្រៀងទាំងនោះហើយ សម្រាប់ន័យខ្លឹមសារ ឬពាក្យពេចន៍ នៃបទចម្រៀង គឺពិតជាមានភាពប៉ះពាល់ដល់តម្លៃប្រពៃណីវប្បធម៌យើងមែន ហើយប្រសិនការនិពន្ធបទចម្រៀងទាំងនោះ ឆ្លងការប្រឹក្សាពីអ្នកជំនាញផ្នែកតែងនិពន្ធ ឬក្រសួងវប្បធម៌នោះ ខ្ញុំសង្ឃឹមថា នឹងមិនមានកើតឡើងជាបញ្ហាទាំងនេះនោះឡើយ»៕
អត្ថបទទាក់ទង
-
តារាកំប្លែង សំ ប៉ូលីដា ហែកកេរ្តិ៍តារាសម្តែង ព្រីម មន្ថា
-
តុក្កតារចនាបទខ្មែរ តំណាងឆ្នាំថ្មីចេញជាផ្លូវការ ស្រស់ស្អាតខ្លាំងណាស់
-
នាយ ពាក់មី ប្រកាសផ្អាក់ កម្មវិធីកំសាន្តប្រចាំឆ្នាំ